ជនល្មើស ៤នាក់បញ្ជូនទៅតុលាការ និងជនបរទេស ៣៣នាក់ ត្រូវបណ្តេញចេញពីកម្ពុជា​ ក្រោយសមត្ថកិច្ចឆ្មក់បង្ក្រាបអតីតក្លឹប BOEING រឹបអូសបានថ្នាំញៀនជិត ៥គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖ ជនល្មើសជាជនជាតិចិន​ និងម៉ាឡេស៉ីចំនួន ៤នាក់ត្រូវបញ្ជូនទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និងជនបរទេស ៣៣នាក់ត្រូវបណ្តេញចេញពីកម្ពុជា​ ក្រោយ​កម្លាំង​សមត្ថកិច្ចជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ បេីក​យុទ្ធនាការ​បង្រ្កាប​ករណីជួញដូរគ្រឿងញៀន នៅក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាក់ស្ដែង​រកឃើញថ្នាំញៀនជិត៥គីឡូក្រាម។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ថ្ងៃខែឆ្នាំកំណើត ១៩៩៧ (អ្នកគិតលុយ), ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៥ (ជួញដូរ), ឈ្មោះ JIANG WEI ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៧ (ជួញដូរ) និងឈ្មោះ ZHANG YONG LIN ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤ (DJ)។

វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(MDMA) ទម្ងន់ ៣គីឡូក្រាម និង៩៨៤.៥២ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៧២៤.៩០ក្រាម។ សារធាតុញៀនសរុបទម្ងន់ជាង ៤គីឡូក្រាម និង ៧០៩.៤២ក្រាម។

ដោយឡែក​សម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣៥នាក់ (ស្រី ២០នាក់) ក្នុងនោះជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា, ជនជាតិចិន ១៥នាក់ (ស្រី ១៤នាក់) បណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិវៀតណាម ១៨នាក់ (ស្រី ៥នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។

...

គួររម្លឹកថា កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣​ បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងចែកចាយ ប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនដដែល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print