ខេត្តពោធិ៍សាត់÷ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដីបាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។
យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។
តាមរយៈរបាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន៖ ៣៤រោង និងរោងប្រក់សង្ក័សី៖ ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សី៖ ៤ គុណ ៦ម៉ែត្រ ចំនួន ១២ខ្នង រោងតង់កៅស៊ូ៖ ២ គុណ៣ម៉ែត្រ ចំនួន ៥ខ្នង,រោងប្រក់ស្លឹក ១ខ្នង,ដំឡូងមីចំនួន ៣៦៨០ បាច់,កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំចំនួន៨នាក់។
គួរឱ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖
១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ខណៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជូនកម្លាំងនគរបាលចំនួន ២៥០នាក់ ដើម្បីចូលរួមអន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕