ក្លិបបាល់ទាត់ Sevilla ដែលជាម្ចាស់ ជើងឯក Europa League បីសម័យជាប់គ្នាបានទិញកីឡាករអន្តរជាតិប្រេស៊ីល Paulo Henrique Gansoពីក្រុមSao Paulo មកកាន់ប្រទេសអេស្ប៉ាញ ។
ខ្សែបម្រើ Ganso បានចុះហត្ថលេខា មកលេងឲ្យក្រុមSevillaរយៈពេល៥ឆ្នាំ។ គាត់បានហែលឆ្លងកាត់បាល់ទាត់ដោយរៀននៅសាលាបាល់ទាត់របស់ក្រុម Santos ដោយរូបគាត់ក៏ត្រូវបានគេចាត់ទុកថាជា កីឡាករមានទេពកោសល្យមួយរូបក្នុង ចំណោមកីឡាករជាច្រើននៅក្នុងប្រទេស ប្រេស៊ីល តែដោយសារតែបញ្ហារបួសបានធ្វើឲ្យGansoហាក់បីដូចជាអភិវឌ្ឍខ្លួនយឺតយ៉ាវ។
កីឡាករលេងខែ្សបម្រើប្រយុទ្ធនេះបានចាកចេញពីក្រុមSantosមកកាន់ក្រុម Sao Paulo ក្នុងឆ្នាំ២០១២ ហើយឥឡូវបាន ផ្លាស់មកកាន់តំបន់អឺរ៉ុប។ គាត់បាន និយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ ក្លិបSao Pauloដែលបានធ្វើអ្វីគ្រប់យ៉ាង សម្រាប់ខ្ញុំ។ Sao Pauloនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត តែពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ខ្ញុំធ្វើ ដំណើរទៅកាន់ទ្វីបអឺរ៉ុប”។
ក្រុមSevillaបានទិញកីឡាករជាច្រើនដូចជាFranco Vazquez, Joaquin Correa, Matias Kranevitter, Hiroshi Kiyotake និង Pablo Sarabiaមុនពេលទិញកីឡាករ Ganso៕
ដោយ៖ ដេវីត