សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងវិធានគន្លឹះទី២ គឺកំណែទម្រង់វិស័យអប់រំ រាជរដ្ឋាភិបាល ក៏កំពុងធ្វើកិច្ចការជាច្រើនផងដែរសម្រាប់ជំរុញកំណែទម្រង់វិស័យអប់រំ។

កិច្ចការទាំងនោះរួមមាន៖
ទី១- បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់វិស័យអប់រំ។
ទី២- បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់អនុវត្តជំហ៊ានដំបូងដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោង បន្ថែមរួមមាន៖ វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត សហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម។
ទី៣- បាននិងកំពុងត្រៀមរៀបចំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងខាងលើនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតិ ហ៊ុន ម៉ាណែត បានបង្ហាញពីការរីកចម្រើននៃវិស័យកាត់ដេរដែលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតីបញ្ជាក់ឱ្យដឹងថារោងចក្រសហគ្រាសចំនួន៣៣១៣បន្ថែមទៀតបានបណ្តាក់ទុន និងកំពុងដំណើរការចង្វាក់ផលិតកម្មនៅកម្ពុជា។
សម្តេចធិបតី បានលើកឡើងជាក្នុងរយៈពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ចំនួន៣៣១៣សហគ្រាស ដោយបានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង៧ម៉ឺនកន្លែង ក្នុងនោះមានរោងចក្រកាត់ដេរទើបតែបង្កើតថ្មីចំនួន១៦៤ បង្កើតការងារដល់ពលរដ្ឋបានជាង៥ម៉ឺនកន្លែង និងរោងចក្រផ្សេងៗចំនួន៣១៤៦ បង្កើតការងារបានជាង២ម៉ឺនកន្លែង។
ទន្ទឹមនេះកម្ពុជាក៏បានស្រូបទាញការវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៧៣គម្រោងក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៤១៥០លានដុល្លារអាមេរិកដែលរំពឹងថានឹងផ្តល់ឱកាសការងារចំនួនជាង១៧ម៉ឺនកន្លែងបន្ថែមទៀត។
សម្តេចធិបតីសង្កត់ធ្ងន់ដូច្នេះថា៖«ប្រទេសរបស់យើង ជាប្រទេសប្រកាន់ទីផ្សារសេរី ក្រុមហ៊ុនបើកត្រូវប្រកួតប្រជែង មានក្រុមហ៊ុនបើកដើរ និងបើករលំ នៅប្រទេសណាក៏មានដែរ យើងរដ្ឋមិនអាចធានាឱ្យតែក្រុមហ៊ុនបើក គឺរដ្ឋត្រូវតែធានាឱ្យដើរនោះទេ»។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងដែរថា នៅខែឧសភាខាងមុខនេះសម្តេចក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីបន្តពង្រីកទំនាក់ទំនង និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
បើតាមសម្តេច ទំហំនាំចេញផលិតរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល៦ខែចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបានជិត១២ពាន់លានដុល្លារ ពោលមានការកើនឡើងជាង១ពាន់លានដុល្លារ ស្មើនឹង១៦,៥៧ភាគរយ ដែលនេះបង្ហាញពីសន្ទុះនៃសេដ្ឋកិច្ចកម្ពុជាកើនឡើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print