ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងបានទទួលព័ត៌មានតាមរយៈទូរសព្ទពីលោកមេភូមិជ្រៃក្រឹមបានរាយការណ៍ថា កាលពីម្សិលមិញនេះ មានប្រជាពលរដ្ឋចំនួន២នាក់បានបើករ៉ឺម៉កដឹកគោញី១ក្បាល សម្បុរស ដោយគ្មានលិខិតទិញលក់ បើកចេញពីចម្ការស្វាយចន្ទីនៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន៤នាក់ សហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការនគរបាលស្រុកតាលោសែនជ័យចំនួន២នាក់ នឹងសហការជាមួយមេភូមិ១នាក់ ជាមួយប្រជាការពារចំនួន៥នាក់ ដឹងនាំដោយលោក វរសេនីយ៍ទោ មឿន សំអុល ឋានៈ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវសួរបំភ្លឺជុំវិញកន្លែងកើតហេតុជួបជាមួយជនរងគ្រោះចំនួន២នាក់ ១-ឈ្មោះ នួន ខុន (ហៅក្រុញ) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់គោញី សម្បុរស១ក្បាល ចងឲ្យស៉ីស្មៅនៅក្នុងដីរបស់ឈ្មោះ គង់ ចាន់ធី ភេទស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨និង០០នាទីព្រឹក។២-ឈ្មោះ សួន ថន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់គោញីសម្បុរស១ក្បាល ចងឲ្យស៉ីស្មៅនៅក្នុងដីរបស់ឈ្មោះ គង់ ចាន់ធី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២និង២៥ នាទី ហើយម្ចាស់គោបានចង្អុលគោដែលដឹកនៅរ៉ឺម៉កជាគោរបស់ឈ្មោះ សួន ថន ហើយម្ចាស់រុឺម៉កមានគ្នា២ នាក់ ១-ឈ្មោះ អឿន ខ្នា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ២-ឈ្មោះ អាត ជោគជ័យ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ បានបំភ្លឺថាគោនេះគាត់បានដឹកឲ្យបងគាត់ឈ្មោះ អឿន ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដោយគាត់ទិញពីឈ្មោះ គង់ ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយការសួរបំភ្លឺរួចសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ ហើយជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុថាខ្លួនពិតជាបានលួចយកគោរបស់ជនរងគ្រោះខាងលើចំនួន២ក្បាលមែន។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ១ក្បាលញី សម្បុរស យកទៅលក់ឲ្យឈ្មោះ អឿន ប៊ុនធឿន ឡើងរ៉ឺម៉កនៅចំណុចចម្ការស្វាយចន្ទីខាងក្រោយផ្ទះរបស់ជនសង្ស័យចម្ងាយប្រហែល១៥០ម៉ែត្រ ក្នុងតម្លៃ១,២៥០,០០០រៀល(មួយលានម្ភៃប្រាំម៉ឺនរៀល) ហើយឈ្មោះ អឿន ប៊ុនធឿន បានដឹកគោទៅលក់បន្តឲ្យឈ្មោះ ឆេង សុភី ហៅបារាំង ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ។ លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលជាង១០ព្រឹក ជនសង្ស័យបានខលទូរសព្ទទៅឈ្មោះ អឿន ប៊ុនធឿន ថាលក់គោ១ក្បាលទៀត គោញី សម្បុរស ក្នុងតម្លៃ ១,២៥០,០០០រៀល (មួយលានម្ភៃប្រាំម៉ឺនរៀល) ក្រោយពីជជែកតថ្លៃតាមទូរសព្ទរួចបានមួយសន្ទុះ ម៉ោងប្រហែល១១ជាង ឈ្មោះ អឿន ប៊ុនធឿន បានជិះម៉ូតូមកដល់ហើយជនសង្ស័យបាននាំទៅមើលគោនៅពីខាងក្រោយផ្ទះរបស់ខ្លួន បន្ទាប់មកឈ្មោះ អឿន ប៊ុនធឿន បានកក់លុយចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ទៅអោយជនសង្ស័យ។ លុះដល់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១ ឈ្មោះ អឿន ប៊ុនធឿន បានឲ្យកូនឈ្នួលចំនួន២នាក់ខាងលើ បើករ៉ឺម៉កមកយកគោនៅចំណុចចម្ការស្វាយចន្ទីខាងក្រោយផ្ទះរបស់ជនសង្ស័យចម្ងាយប្រហែល១៥០ម៉ែត្រ ហើយជនសង្ស័យបានដឹកគោញី១ក្បាល សម្បុរស របស់ឈ្មោះ សួន ថន ដែលចងឲ្យស៉ីស្មៅនៅពីក្រោយផ្ទះរបស់ជនសង្ស័យយកទៅលក់ឲ្យឈ្មោះ អឿន ប៊ុនធឿន បានប្រើកូនចៅយករ៉ឺម៉កមកដឹកគោ ហើយកូនចៅឈ្មោះ អឿន ខ្នា ជាអ្នកបើករ៉ឺម៉កបានប្រគល់ប្រាក់ចំនួន៧៥០,០០០រៀល (ចិតសិបប្រាំម៉ឺនរៀល) ថ្លៃទិញគោទៅឲ្យជនសង្ស័យ។ វត្ថុតាងរួមមាន គោញីចំនួន២ក្បាល សម្បុរស រ៉ឺម៉កម៉ូតូ១គ្រឿង។យោងទៅតាមបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ខាងលើសូមឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវីធី។
បច្ចុប្បន្នវត្ថុតាងរួមទាំងជនសង្ស័យចំនួន៤នាក់ខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកតាលោសែនជ័យ សមត្ថកិច្ចបានសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាមរយៈលេខទូរសព្ទ០៨៨ ៩៦ ៩៧ ៦៨ ចុះថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥និង០០នាទី ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ខាងលើជាបណ្ដោះអាសន្ន ដើម្បីសួរនាំកសាងសំណុំរឿងតាមនីតិវិធី៕អរុណរះ