ខេត្តសៀមរាប ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ប្រធានបទនៃបុណ្យទន្លេលើកទី៨នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេទៅនឹងសន្តិភាព និងការអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ៖ សន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសមួយ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់ ជាពិសេសប្រទេសតាមដងទន្លេមេគង្គទាំង៥នៃក្របខណ្ឌអនុតំបន់មេគង្គ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សន្តិភាព បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រជាជននិងប្រទេសជាតិរបស់យើងដែលធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ បង្ហូរឈាម និងរបបប្រល័យពូជសាសន៍ អស់រយៈពេលរាប់ទសវត្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំនៅក្នុងប្រវត្តិសាស្រ្តជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលដ៏ប្រពៃថ្លៃថ្លាទាំងនេះ គឺបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពុះពារជម្នះរាល់ឧបសគ្គទាំងឡាយរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រោមអគ្គមគ្គុទេសក៏ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ជាមួយសុខសន្តិភាព កម្ពុជា បានក្លាយទៅជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ ក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដងនៅឆ្នាំ១៩៩៣-២០២៣។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថារដ្ឋាភិបាលមិនកិច្ចការត្រឹមមួយពេល ឬមួយឆាវរបៀបជាភ្លើងចំបើងនោះទេ។ គ្រប់គោលនយោបាយគ្រប់គោលការណ៍ត្រូវតែល្អិតល្អន់និងត្រូវតែមាននិរន្តរភាពក្នុងការធ្វើ។សម្ដេចធិបតីលើកឡើងដោយប្រកាសថាយុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ គឺមិនមែនធ្វើត្រឹមតែមួយឆ្នាំនេះទេគឺត្រូវតែធ្វើបន្តជារៀងរហូតហើយនិងទៅកាន់ខេត្តផ្សេងទៀតផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា ៖ រាល់គោលនយោបាយគោលការណ៍នីមួយៗរបស់រដ្ឋាភិបាលគឺមានការគិតគូរបានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ ហើយនិងមានការសហការជាមួយនឹងវិស័យឯកជន និងរដ្ឋាភិបាលបានយ៉ាងល្អ។ ដូច្នេះការងារមិនត្រូវធ្វើត្រឹមតែភ្លើងចំបើងនោះទេ គឺត្រូវតែមាននិរន្តរភាពក្នុងការធ្វើឲ្យសម្រេចជោគជ័យ។
កម្មវិធីពិសេសមួយ ដែលមានខ្លឹមសារ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” ត្រូវបានដាក់ចេញនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដេីម្បីជួយស្តារ និងលេីកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡេីងវិញ ដែលអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ៕