អុីតាលី៖ ប្រសិនបើកងទ័ពណាតូត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន វានឹងក្លាយជាកំហុសមួយ នឹងជំរុញឱ្យមានសង្គ្រាមលោកលើកទី៣

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា សង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង ប្រសិនបើបណ្តាប្រទេសលោកខាងលិចពិតជាបានបញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន។
កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា ការដាក់ពង្រាយកងកម្លាំងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ទៅកាន់សមរភូមិអ៊ុយក្រែន អាចនាំឱ្យមានជម្លោះជាសកល សង្គ្រាមលោកលើកទី 3 ។ លោកក៏បានច្រានចោលនូវលទ្ធភាពដែលប្រទេសអុីតាលីនឹងដាក់ពង្រាយកងទ័ពដើម្បីជួយគាំទ្រដល់កងកម្លាំងអ៊ុយក្រែននៅក្នុងសង្គ្រាមបច្ចុប្បន្ន។
លោក Tajani បាននិយាយថា “ខ្ញុំគិតថាកងទ័ពណាតូមិនគួរចូលអ៊ុយក្រែនទេ។ នោះជាកំហុសមួយ។ យើងត្រូវជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែការបញ្ជូនកងទ័ពណាតូទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ីមានន័យថាហានិភ័យនៃសង្គ្រាមលោកលើកទី3” ។
នៅពេលត្រូវបានសួរអំពីប្រទេសណាតូផ្សេងទៀតដែលបញ្ជូនកងទ័ពទៅគាំទ្រទីក្រុងគៀវ ជាពិសេសប្រទេសបារាំង រដ្ឋមន្ត្រីការបរទេស Tajani បាននិយាយថា គាត់សង្ឃឹមថា “វាមិនកើតឡើងទេ” ។ លោកបន្តទៀតថា “យើងមិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ។ យើងផ្តល់ឱ្យ Kiev នូវគ្រប់ប្រភេទនៃយោធា សេដ្ឋកិច្ច ឧបករណ៍បច្ចេកទេស ប៉ុន្តែសម្រាប់ខ្ញុំ ការធ្វើសង្រ្គាមគឺជាកំហុស” ។ គំនិតបញ្ជូនទ័ពអូតង់ទៅអ៊ុយក្រែនត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron ស្នើឡើងកាលពីចុងខែកុម្ភៈ។ គំនិតនេះបានប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីរុស្ស៊ី ហើយក៏ត្រូវបានប្រទេសណាតូជាច្រើនទៀតច្រានចោល។
ទីក្រុងមូស្គូបានព្រមានថា ជម្លោះដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូនឹង “ជៀសមិនរួច” ប្រសិនបើទាហានណាតូមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ។
កាលពីសប្តាហ៍មុន រុស្ស៊ីបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំមួយទាក់ទងនឹងគំនិតរបស់លោក Macron ក្នុងការបញ្ជូនទាហានលោកខាងលិចទៅកាន់អ៊ុយក្រែន ដោយហៅគំនិតនេះថាជាគំនិតនៃការចាប់ផ្តើមសង្គ្រាមលោកលើកទី 3 ៕ ដោយធីរីណា

...

រូប​ថត​:PLO.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print