ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន ដែលទេីបទទួលបាននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះwww.lifeandsports.news និងwww.lifeandsport.online ។
ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងព័ត៌មាន សម្រេច៖
ប្រការ១: លុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជឿង ធួន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៩១២៣៣១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៦៥រ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជាម្ចាស់អាជីវកម្មគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online អាសយដ្ឋាន ទីស្នាក់ការស្ថិតនៅផ្ទះលេខ ៦៥រ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយម្ចាស់ អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនអនុវត្តតាមនីតិវីធី មិនទទួលយកការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ប្រការ២: ប្រកាស និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣: អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរ ព័ត៌មានរាជធានីភ្នំពេញ សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖តារា