ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានអោយដឹងថា ៖ មន្រ្តីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាគម្រោងជំនួយមូលនិធិរបស់ ស្ថានទូតអាមេរិក។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដឹកនាំដោយMs. Katherine Diop Public Affairs Officer និងMs. Soreimeas Norn Program Management Specialist ដោយមានការសម្របសម្រួល ពីលោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារមួយចំនួនទៀត។
មុននឹងបន្តដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ប្រតិភូស្ថានទូតអាមេរិក ក៏បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីវត្ថុបុរាណ និងសម្បត្តិវប្បធម៌ខ្មែរ ដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ នៅរសៀលថ្ងៃដដែល ក៏បានបន្តដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារជួសជុល និងអភិរក្សនៅជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាគម្រោងជំនួយមូលនិធិផ្ទាល់របស់ស្ថានទូតអាម៉េរិក។ បន្ទាប់មក បានបន្តពិនិត្យមើលការងារមួយចំនួនទៀត នៅលើប្រាសាទព្រះវិហារផងដែរ ៕
ដោយ ៖ សិលា