ឃាត់ខ្លួនលោកផ្កាយពីរ អេង សាវឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ពាក់ព័ន្ធករណីបោកលុយរត់ការចូលក្របខ័ណ្ឌជាង៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ លោកឧត្តមសេនីយ៍ទោ អេង សាវឿន​ ដែលជានាយនគរបាលមួយរូប​ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ ឃាត់ខ្លួនមានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំពោះ​ការឃាត់ខ្លួនលោក​ឧត្តមសេនីយ៍ទោ​រូបនេះ​ បានធ្វេីឡេីង​នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

លោកអ្នកនាំពាក្យ​ បានថ្លែង​បន្តថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា​ បានគូសបញ្ជាក់ទៀត​ថា​ ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print