ភ្នំពេញ÷រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី រាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន៦០២រូប,នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងបំផុត ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាអធិបតីក្នុងពិធីបើក សន្និបាតសុខាភិបាលលើកទី៤៣ក្នុងគោលបំណង ត្រួត ពិនិត្យវាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិ បាលឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ឱ្យកាន់តែមានភាពធន់ និងរឹង មាំ រួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន»។
សាស្ត្រាចារ្យរដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលនិងវឌ្ឍនភាព ដែលវិស័យសុខាភិបាល សម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ រួមទាំងក្នុងឆ្នាំ២០២៣ នេះផង គឺមិនអាចកាត់ផ្តាច់បានពី គុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាពដែលបាន នាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការពុះពារ រាល់ឧបសគ្គ ការលំបាក និងការលះបង់ខ្ពស់ ការ ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយជាការពិតណាស់ មានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ទើបមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រួមទាំងភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន។
ម៉្យាងវិញទៀត ការរក្សាគង់វង្សនូវសន្តិភាពដែលមាន គុណតម្លៃជាសកល គឺជាការប្តេជ្ញាចិត្តរបស់យើងឆ្ពោះ ទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃការបន្តលើកកម្ពស់សុខភាព និងសុខុ មាលភាព ប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនិងការជំរុញកំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព ស្របតាមគោលដៅដ៏មុតស្រួចនៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងស្មារតីបុរេសកម្ម របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់លោមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បាន សំដែងនូវការគោរពដ៏ជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ ជូនចំពោះ លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង សមាជិកសភាមណ្ឌល ភ្នំពេញ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំវិស័យសុខាភិបាល កន្លងមក ឱ្យទទួលបានសមិទ្ធផល និងវឌ្ឍនភាព គួរឱ្យកត់ សម្គាល់ ព្រម ទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាល រាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិ បាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួម វិភាគទានដ៏សំខាន់ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន និងការអភិវឌ្ឍវិស័យសុខាភិបាល។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានលើកទឹកចិត្ត សមាជិក សមាជិកានៃអង្គសន្និបាត ឱ្យយកចិត្តទុក ដាក់ពិចារណា ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល នៅលើប្រធានបទនីមួយៗ នាពេលរសៀលនេះ ដោយប្រើប្រាស់សមស្របតាមស្ថានភាពជាក់ស្តែង នូវចំណេះដឹងដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្នុងនោះរួមមានគោលការណ៍ «ដោះស្រាយបញ្ហាដោយផ្តោតលើការ វិភាគបញ្ហា» ដោយផ្តោតលើ៖ (១) និន្នាការសុខភាព និងសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្នាំ២០២៣ (២) តម្រូវការផ្នែក សុខភាពជាអាទិភាពរបស់ប្រជាជន និងភាពប្រឈមចម្បងៗ នៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន និងក្នុង ពេលអនាគត (៣) ការពង្រឹងសមត្ថ ភាពប្រព័ន្ធសុខាភិបាល ក្នុងការរៀបចំផែនការសកម្ម ភាព ការបែងចែកនឹង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង (៤) ប្រព័ន្ធសុខាភិបាលកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការពង្រឹងសមត្ថភាព គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱ្យកាន់តែរឹងមាំ និងការពង្រីកការគ្របដណ្តប់នៃ សេវាថែទាំសុខភាព ដើម្បីសន្និបាតសុខាភិបាលរយៈពេលពីរថ្ងៃទទួលបានធាតុចូលថ្មីៗថែមទៀត សម្រាប់លើក កម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល» និង ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ព្រមទាំងផែនការសកម្មភាព របស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ នេះ៕