ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ផេផងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សតឿថៃ ។

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជា ប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកស្រី ក៏បានអបអរ សាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបាន ផ្តល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកស្រី ក៏បានសម្តែង អំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមក បំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្ត្រី។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការ អបអរសាទរជូនចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណបក្សតឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរ សុខទុក្ខជូនចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាផងដែរ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់- ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរ ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួម ចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការងារ ជាដើម។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបាន ជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print