រដ្ឋបាលរាជធានី ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា កន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែល សកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។

ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មទាំងអស់ខាងលើ ដែលបង្កឡើងដោយឧបករណ៍កែច្នៃខុស លក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទប់ស្កាត់ នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- ចំពោះអ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្តូរឱ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២- ចំពោះអាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។

៣- ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃ ឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់ យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ផុតរយៈពេលឱសានវាទេនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print