ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើកិច្ចការងារ ២ នៅលើគ្រប់វិស័យទាំងអស់ នោះគឺ៖ ១- ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង២- កាត់បន្ថយនូវចំណុចអវិជ្ជមាន ឬចំណុចខ្វះខាតដែលយើងមាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សម្រាប់វិស័យសុខាភិបាល ចំពោះការបង្កើនសមិទ្ធផលវិជ្ជមាន គឹបង្កើនសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលនៅក្នុងកិច្ចការងារនេះត្រូវផ្តោតទៅលើការពង្រឹងសមត្ថភាព ដែលធ្វើតាមអភិក្រម ២ រួមមាន៖ ១-ពីលើចុះទៅក្រោម និង២-ពីក្រោមឡើងមកលើ ពោលគឺត្រូវពង្រឹងផ្តល់សេវាបឋមមូលដ្ឋាន ការពង្រឹងពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលទិសដៅទី១ គឺពង្រឹងមណ្ឌលសុខភាព ឡើងទៅដល់ពេទ្យបង្អែកស្រុក ដែលនេះទិសដៅពង្រឹងពីរសំខាន់ៗចាំបាច់ត្រូវធ្វើ ក្នុងពេលតែមួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងថា ៖ សម្ដេចកំពុងរៀបចំការជ្រើសរើសមន្រ្ដីស្របទៅតាមភាពបត់បែននៃការបញ្ជូលក្របខណ្ឌថ្មី បានន័យថា ការជ្រើសរើសមន្រ្ដីគ្រប់វិស័យ អាចមានភាពបត់បែនក្នុងការចេញឬចូលក្របខណ្ឌបានរវាងវិស័យរដ្ឋ និងវិស័យឯកជន ដោយអនុវត្តទៅតាមវិធីទាញយកមកបំពេញបន្ថែម ដោយរក្សាអតីតភាពការងារឱ្យនៅដដែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បញ្ហាប្រឈមរបស់កម្ពុជា គឺកង្វះធនធានមនុស្សសម្រាប់វិស័យសុខាភិបាល តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ដូច្នេះត្រូវរករូបមន្តការកំណត់ការជ្រើសរើសមន្រ្ដីចូលក្នុងក្របខណ្ឌសុខាភិបាលនេះ គឺត្រូវធ្វើម៉េចកុំឱ្យខ្ទាស់ និងកែប្រែភាពបត់បែនដើម្បីធ្វើយ៉ាងណាឱ្យមានធនធានមនុស្សចូលក្នុងវិស័យសុខាភិបាលនេះបន្ថែម ៕