ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានាដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ដែលមានគោលដៅជាយុទ្ធសាស្រ្ត៥ កំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាចីរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់ខ្លាំងនូវការពង្រឹងការអភិវឌ្ឍកម្រិតមូលដ្ឋាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានដែលមានកម្មវិធីនយោបាយសម្រាប់ការកសាងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៅក្នុងអណត្តិទី៧ ដោយបញ្ជាក់ច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញគោលដៅសំខាន់ៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ បង្កើនការងារ ដល់ពលរដ្ឋ និងបង្កើនសមត្ថភាពគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ដោយការប្តេជ្ញានេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់មិនថាទីប្រជុំជន ឬតាម ជនបទនោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ គឺជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈសព្វថ្ងៃតំបន់ ជនបទរបស់កម្ពុជា បានកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

សម្តេចធិបតី ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលនឹងខិតខំ ស្ថាបនានូវហេដ្ឋារចនា សម្ព័ន្ធតាមជន បទឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និង ការដឹកជញ្ជូន របស់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print