ភ្នំពេញ ៖ ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនោះក៏បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅបងប្អូនជនមានពិការភាពទាំងអស់ថា បងប្អូនមិនឯកោនោះទេ ពោលគឺរាជរដ្ឋាភិបាល មិនទុកចោលជនមានពិការភាពណាម្នាក់ ដែលមិនបានដោះស្រាយនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជា។
កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែកផងដែរ៕