ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា រួមជាមួយ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និង លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត បានអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទ២៣ ខែមីនា ឆ្នាំ២០២៤។ គណៈប្រតិភូនឹងបន្តដំណើរទៅកាន់វិមានរដ្ឋសភា ជាទីដែលរដ្ឋសភាកម្ពុជារៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ដោយមានការធ្វើវន្ទនកិច្ចពីកងកិត្តិយសត្រែទ័ពយ៉ាងអធិកអធម។
បន្ទាប់មក លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូ នឹងអញ្ជើញជួបធ្វើសវនាការសម្ដែងការគួរសម និងកិច្ចចរចាទ្វេភាគី ជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាផ្សេងៗទៀត ជាបន្តបន្ទាប់ផងដែរ ៕