ខេត្តកណ្តាល៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតមីនចំនួន២កញ្ចប់ កាលពីវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចខាងមុខព្រះវិហារយេស៊ូ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម វណ្ណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក(ice)ចំនួន២កញ្ចប់តូច, ទូរស័ព្ទ iphone 4s ១គ្រឿង និងប្រាក់រៀលចំនួន២៥០០០រៀល ។
ប្រភពដដែលបានបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានជិះម៉ូតូចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យកំពុងដើរតាមបណ្តោយផ្លូវបេតុង ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យរហូតរកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ