ភ្នំពេញ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យបណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោកបណ្ឌិតបានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យលោកនិងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសដែលបណ្ឌិត និងប្រតិភូអញ្ជើញចូលរួមកម្មវិធីស្រាយបួស ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២១ មីនានេះ។
លោកបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីតអនុប្រធានាធិបតី និង បានគោរពថ្លែងអំណរគុណ ជូន ចំពោះ សម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនកាន់សាសនាឥស្លាមនៅកម្ពុជា តាំងតែពីពេលដែល សម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាគឺតែងតែប្រារព្ធពិធីស្រាយបួសជារៀងរាល់ឆ្នាំក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន ដែលនេះគឺបានបង្ហាញឲ្យច្បាស់ថាកម្ពុជាគឺគ្មានការរើសអើងសាសនា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ជូនលោកបណ្ឌិតថា កម្ពុជាតែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបានបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនកាន់សាសនាឥស្លាមដោយគ្មានការរឹតត្បិតណាមួយឡើយ ហើយការរៀបចំនេះតែងធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូត ដល់បច្ចុប្បន្ន៕