ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បើករថយន្តតាមផ្លូវសុខៗ សង្ស័យងងឹតមុខ ក៏រេចង្កូតទៅបុកកង់បីឥណ្ឌា ពេញទំហឹង បណ្តាលឱ្យខ្ទាត ជិត ១០ម៉ែត្រ បង្កការខូចខាត តែមិនមាននរណារងរបួសឡើយ ។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ០៨ និង ៤០នាទីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម កំពុងឈប់នៅលើចិញ្ចឹមផ្លូវ ក្បែរនិងណាហ្គាវើល២ ខណៈនោះក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាក តូយូតា ហុីឡុច រ៉េវូរ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-1246 បើកបរដោយបុរសចំណាស់ម្នាក់ តាមបណ្តោយផ្លូវ ព្រះសីហនុ (274) ខណៈមកដល់ចំណុច ជិតនិងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួនណាត ក៏ស្រាប់តែចង្កូតទៅបុក កង់បីឥណ្ឌា ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្តាលអោយ កង់បីខ្ទេចមួយចំហៀងតែម្តង ។ ចំណែករថយន្ត រងការខូចខាត ចំហៀងខាងឆ្វេង ផ្នែកខាងមុខនៃរថយន្ត ទាំងស្រុង ។ ប៉ុន្តែមិនបាន បង្កអោយនរណាម្នាក់ រងរបួសឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបន្តទាក់ទងទៅ កម្លាំងជំនាញ នៃការិយាល័យចរាចណ៏ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្ត រួមនិងកង់បីឥណ្ឌា យកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕ដោយសុខាសែនជ័យ