ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តបំពាក់ស៊ីរ៉ែន ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥។ ពិធីនេះប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចំណាយធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់កងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងការបំពេញភារកិច្ចប្រចាំ ថ្ងៃរបស់អង្គភាព ។ រថយន្តនេះជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គីសនី ដែលអាចប្រើប្រាស់ក្នុងរង្វង់៣០០ ទៅ៤០០គីឡូម៉ែត្រ ទើបយើងសាកបញ្ចូលឡើងវិញ។ រថយន្តនេះ អាចប្រើប្រាស់ប្រចាំថ្ងៃដូចជា ៖ ដឹកនាំក្បួន និងបំរើការងារផ្សេងៗ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួន។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តាំផ្ញើរដល់ស្នងការនគរបាលរាជធានី-ខេត្ត ដែលទទួលបានរថយន្តនេះហើយត្រូវទទួលខុសត្រូវថែរក្សាឱ្យដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ដោយឡែកសម្រាប់បណ្តាខេត្តដែលមិនទាន់ទទួលបានរថយន្ត អាចនឹងមាននៅពេលក្រោយៗ ពីព្រោះខេត្តដែលទទួលបានរថយន្តនេះ គឺជាខេត្តដែលចាំបាច់ក្នុងការទទួលរថយន្តទាំងនេះ ។ លោកនាយឧត្តមសេនីយ៍ សង្ឃឹមថាសប្បុរសជននឹងបន្តជួយជារថយន្ត ឬសម្ភារៈនានា មកដល់អគ្គស្នងការដ្ឋាននគរបាលជាតិបន្តទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រថយន្តដែលត្រូវប្រគល់ជូនដល់ស្នងការនគរបាលរាជធានី-ខេត្តនាពេលនេះមាន ចំនួន១០គ្រឿង ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០២គ្រឿង,ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន០២គ្រឿង៕ដោយ៖តារា