ភ្នំពេញ ៖ ដូចការកំណត់ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងឃាតកម្មដែលឃាតកបាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែ ព្រោះតែភ្លើងប្រចណ្ឌ ដាក់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៦០លានរៀល ។ សាលក្រមបានទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងប្តីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែមកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការក្រោយពីបញ្ចប់ការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ។ សវនាការបានធ្វើឡើងជាសាធារណៈដែលមានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ និងលោក សាន សុភៈ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចំពោះមុខជនជាប់ចោទឈ្មោះយ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេរថយន្ត ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើសដែលសុទ្ធជាបទល្មើសព្រហ្មទណ្ឌឧក្រិដ្ឋ ។
សូមជម្រាបថា លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យជាឃាតកបាញ់សម្លាប់ប្រពន្ធដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ៖
ទី១-បទឃាតកម្មដែលមានស្ថានទម្ងន់ទោស”ទាក់ទិននឹងមរណភាពជនរងគ្រោះ”។
ទី២-បទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ទី៣-បទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីកួរស្រូវ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនសង្ស័យឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តព្រះសីហ នុ១០ឆ្នាំ ពាក់ពន្ធករណីប្រើដុំថ្មវាយ សម្លាប់មនុស្ស ហើយក៏ទើបនឹងចេញពីពន្ធនាគារព្រៃសជាង២ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន”ជាប់គុក២ ឆ្នាំ” ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ឆ្នាំ មុខរបរសាឡន។ នាងធ្លាប់មានប្ដីទី១ មានកូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំហើយ។ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ខែ គិតមកដល់ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។
ជនដៃដល់បានឆ្លើយយសារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះគឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយនៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត ។ ប៉ុន្តែនេះជា
ចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ។ ជាក់ស្តែងជនសង្ស័យជាមនុស្សជោកជាំទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ ។ ក្រោយបាញ់សម្លាប់ជនរងគ្រោះ រូបគេបានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ ។ ក្រោយពេលចូលសារភាពសមត្តកិច្ចក៏បានទៅឆែកឆេរផ្ទះជនសង្ស័យរកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លីដែលជនសង្ស័យបានយកមកប្រើប្រាស់បាញ់សម្លាប់ប្រពន្ធគឺទិញមកពីព្រំដែនកម្ពុជា-ថៃ ។
សូមជម្រាបថា ៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតកបាញ់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅព្រៃផ្សៃនោះ ម្តងនេះពិតជាដេកគុកអស់មួយជីវិត ៕ ដោយ រ៉ារ៉ា