ការវាយប្រហារភេរវកម្មនៅរុស្ស៊ី អ្នកស្លាប់និងរបួសជាង ២០០នាក់

ចែករំលែក៖

ការវាយប្រហារភេរវកម្មធ្វើឡើងដោយក្រុម IS នៅលើទីលានតន្ត្រី Crocus City Hall ក្នុងទីក្រុងមូស្គូមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សយ៉ាងតិច៦០នាក់ស្លាប់ និង១៤៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមនុស្ស ៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

កាលពីថ្ងៃទី 22 ខែមីនា ក្រុមខ្មាន់កាំភ្លើងមកពីអង្គការភេរវករអន្តរជាតិដែលប្រកាសខ្លួនឯងថា រដ្ឋអ៊ិស្លាម (IS) ប្រដាប់ដោយកាំភ្លើងវែងបានបើកការបាញ់ប្រហារនៅក្នុងបន្ទប់ទទួលភ្ញៀវនៃមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall ក្នុងទីក្រុងមូស្គូ។ បន្ទាប់មក ពួកគេបានចូលទៅក្នុងសាលប្រគំតន្ត្រីនៅមុនពេលការប្រគំតន្ត្រីរបស់ក្រុមតន្ត្រីរ៉ក់ Picnic។
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បាននិយាយថា តន្ត្រីករនៃក្រុមតន្ត្រី Picnic មិនមានគ្រោះថ្នាក់ក្នុងការបាញ់ប្រហារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារមកទល់ពេលនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 60 នាក់ស្លាប់ និង 145 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះមនុស្ស 9 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទន្ទឹមនឹងការបាញ់ប្រហារនោះ ការផ្ទុះមួយបានកើតឡើងនៅក្នុងអគារមជ្ឈមណ្ឌលលក់ទំនិញដែលបណ្តាលឱ្យមានភ្លើងឆេះ។ នាយកដ្ឋានស្ថានការណ៍គ្រាអាសន្នក្នុងតំបន់មូស្គូបាននិយាយថា ប្រហែល 1/3 នៃមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall ត្រូវបានឆាបឆេះ ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់។
ដំបូលអគារត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយអគ្គិភ័យ និងបានបាក់មួយផ្នែក ភ្លើងបានរាលដាលដល់តំបន់ជិតខាង។ អ្នកយកព័ត៌មាន TASS បានរាយការណ៍ថា នៅតែមានមនុស្សនៅខាងក្នុងអគារ ដែលអ្នកខ្លះអាចមើលឃើញតាមបង្អួច។
បន្ទាប់ពីការវាយប្រហារ មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា ភ្នាក់ងារអនុវត្តច្បាប់ពិសេសកំពុងចាត់វិធានការចាំបាច់ទាំងអស់។ អង្គភាពប៉ូលិសពិសេស SOBR និង OMON នៃឆ្មាំជាតិរុស្ស៊ីត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall ។
យោងតាមទីភ្នាក់ងារសុខភាពក្នុងតំបន់មូស្គូ ក្រុមរថយន្តសង្គ្រោះប្រចាំតំបន់ជាង 30 និងក្រុមរថយន្តសង្គ្រោះនៅមូស្គូជាង 20 ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall ។ អ្នកពន្លត់អគ្គិភ័យបានជម្លៀសមនុស្សប្រហែល 100 នាក់ចេញពីបន្ទប់ក្រោមដីនៃអគារ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print