ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម រួចបន្តទៅបុករបងផ្ទះពលរដ្ឋបាក់អស់ពីផ្ទាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤ នៅចំណុចខាងលិចវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BT-5418 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយដើមរាបដល់ដី រួចបន្តទៅបុករបងផ្ទះពលរដ្ឋខូចខាតអស់ចំនួនពីរផ្ទាំងទើបរថយន្តបង្កទៅមុខលែងរួចហើយខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។ រីឯអ្នកបើកបរវិញបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញបានចុះមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងសាលាក្រុងនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ