ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋាន រដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកនីមួយៗ សហការរៀបចំសង្ក្រាន្ត និងកម្មវីធីកំសាន្តផ្សេងៗទៀតឱ្យបានអធិកអធម។ ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី។
បើតាមលោកអភិសន្តិបណ្ឌិត ស សុខា ការៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តសប្បាយតាមបណ្ដាស្រុកនានា គឺដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវត្តី ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិ ឃុំ និងស្រុកមានភូមិសាស្រ្តឆ្ងាយពីទីរួមខេត្តព្រៃវែង ដែលអាចនឹងជួបការលំបាកក្នុងការធ្វើដំណើរទៅកំសាន្តនៅទីរួមខេត្ត និងម្យ៉ាងទៀតក៏ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចរាចរណ៍តាមដងផ្លូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលអាចមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងអំពីការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះដែរ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានរម្លឹកជូនអង្គពិធីអំពីប្រវត្តិដែលកាលពីនៅកាន់តួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលស្រុក និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីជាលើកដំបូង នៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយកាលណោះ មានការចូលរួមកំសាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ទាំងអ្នកក្នុងមូលដ្ឋានស្រុក និងអ្នកអញ្ជើញមកពីបណ្ដាស្រុកជុំវិញ។
ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានពិធីសាសនា និងកម្មវិធីកំសាន្តសប្បាយយ៉ាងច្រើនសម្បូរបែប។ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកស្រី ញ៉ែម សាខន សខេង លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី សសុខា បានចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ២០២៤ នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង៕
ដោយ៖តារា