សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ បានដកស្រង់ព័ត៌មានពីគណៈកម្មាធិការស៉ើបអង្កេតនៃប្រទេសរុស្ស៉ីដែលទទួលបន្ទុកស៉ើបអង្កេតលើករណីឧក្រិដ្ឋកម្មធំៗ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងករណីបាញ់ប្រហារភេរវកម្មបានកើនដល់១១៥នាក់ ហើយវាអាចបន្តឡើងខ្ពស់ថែមទៀត ខណៈដែលអ្នករងរបួសមានដល់ទៅ១៤៥នាក់ ក្នុងនោះមានអ្នករងរបួសធ្ងន់។
ដោយឡែក យោងតាមការរាយការណ៍ពីបណ្តាប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដែលផ្អែកលើសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៉ី FBS បានជូនដំណឹងទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន អំពីការឃាត់ខ្លួនបានមនុស្សសរុប១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរ។ ខ្មាន់កាំភ្លើង៤នាក់នោះ ត្រូវឃាត់ខ្លួនបានពេលជិះរថយន្ត១គ្រឿង ព្យាយាមរត់គេចខ្លួននៅឯតំបន់ Bryansk មិនឆ្ងាយប៉ុន្មានពីព្រំប្រទល់អ៊ុយក្រែន ហើយឥឡូវពួកគេកំពុងត្រូវបញ្ជូនខ្លួន មកកាន់រដ្ឋធានីមូស្គូ។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិលនៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់កើនដល់ជាង១០០នាក់ និងរងរបួសលើសពី១០០នាក់ផ្សេងទៀត ពួកភេរវករក៏បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅទីនោះផងដែរ៕ ដោយធីរីណា
រូបថត:The Moscow Times