ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទីអាទិត្យ២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខណៈតាមបណ្ដាខេត្តមួយចំនួននៅតំបន់ខ្ពង់រាប និងវាលទំនាបភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីប្រមាណ ១០% ទៅ១៥%។
ក្រសួង បានបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូង សមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីប្រមាណ១៥%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យ រួមមានខេត្ត ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ១០%។
៣-តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ប្រមាណ១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕ដោយ៖តារា