ភ្នំពេញ ៖ កម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវ ឃោរឃៅនេះ។
កម្ពុជា សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័ស។ កម្ពុជា ធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើភេរវកម្មណាក៏ដោយគឺជាបទឧក្រិដ្ឋ ដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ។ កម្ពុជា សូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីនៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ។
សូមរម្លឹកថា ៖ យ៉ាងហោចណាស់ ក៏មានមនុស្សជាង៦០នាក់ស្លាប់ និងយ៉ាងហោច១៤៥នាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហាររបស់ក្រុមភេរវករ ISIS នៅជាយទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ខ្មាន់កាំភ្លើងមួយក្រុមដែលអះអាងថាជាក្រុម ISIS បានចាប់ផ្តើមបាញ់ប្រហារលើជនស៉ីវិល នៅឯមជ្ឈមណ្ឌល Crocus City Hall មុនពេលក្រុមតន្រ្តីរ៉ក់សម័យសូវៀត Picnic ត្រៀមនឹងធ្វើការសម្តែង នៅក្នុងសាលដែលអាចផ្ទុកអ្នកទស្សនាបានសរុប៦,២០០នាក់។ អគារមជ្ឈមណ្ឌលនោះ ស្ថិតនៅជាយភាគខាងលិច នៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។
ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងនៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។
សូមរម្លឹកថា ៖ សកម្មភាពដ៏ឃោរឃៅនេះ បានស្ងាត់មួយរយៈ ឥឡូវខ្មាន់កាំភ្លើងមួយក្រុមដែលអះអាងថាជាក្រុម ISIS បានចាប់ផ្តើមបាញ់ប្រហារលើជនស៉ីវិល សាជាថ្មី បង្ហាញក្តីព្រួយបារម្ភ អសន្តិសុខ លើប្រទេសធំៗលើពិភពលោក ។ ដូច្នេះត្រូវរួបរួមគ្នាទប់ស្កាត់ លុបបំបាត់ក្រុមឃាតក ដ៏សាហាវទាំងនោះ៕