ខេត្តកំពត ៖ ថ្ងៃនេះ ខ្ញុំបានមកប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។ នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានថ្លែងបន្តថា ៖ ក្នុងឱកាសនេះ ខ្ញុំសូមឱ្យក្មួយប្រុសបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះទៅបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ។
សូមបញ្ជាក់ថា ៖ ក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត ជាកូនដែលមានឪពុកម្តាយក្រលំបាក និងពិការទាំងឪពុក ទាំងម្តាយ និងមានប្អូនស្រីម្នាក់ ។ ផានិត ខំតស៊ូរៀនសូត្រ រហូតដល់បានសម្រេចដូចបំណង គឺក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត ៕