កំពង់ស្ពឺ÷ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តអង្គលំទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានប្រតិភូអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គលំទង ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា÷ ជាការពិតណាស់ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ហើយវត្តអារាម គឺជាទីពឹងពុំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាងរបស់អ្នកកាន់ព្រះពុទ្ធសាសនា។ ហើយវត្ត គឺជាឃ្លាំងចំណេះដឹង ផ្នែកវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ ខែ ២០ថ្ងៃ គឺរបបអាវខ្មៅ (ប៉ុល ពត) ទីវត្តអារាម ត្រូវបានគេយកធ្វើជាកន្លែងឃុំឃាំង ដាក់ទារុណកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជាឃ្លាំងសម្រាប់បម្រើនយោបាយដ៏ខ្មៅងងឹតរបស់ខ្លួន។ ហើយព្រះសង្ឃ ដែលជា អ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌ ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនា ត្រូវបានពួកនោះបំផ្លាញខ្ទេចខ្ទីគ្មានសល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តទៀតថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់ទីកន្លែង។ វត្តអារាម មិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទប៉ុណ្ណោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។
ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានផ្តាំផ្ញើ ដល់អ្នកចូលរួមទាំងអស់ ពិសេសគឺក្រុមយុវជន ត្រូវខិតខំរៀនសូត្រនិងឆ្លើយថាទេចំពោះគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទត្រូវធ្វើជាកូនល្អសិស្សល្អមិត្តល្អ និងជាសសរស្ដំសម្រាប់ប្រទេសកម្ពុជា។ ហើយយើងគ្រប់រូប ត្រូវរក្សាឲ្យបាន នូវស្ថេរភាពនយោបាយ ជាពិសេស គឺសន្តិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា (អរគុណសន្តិភាព) បានលាន់រន្ទឺពាសពេញប្រទេស និងលើឆាតអន្តរជាតិ។ នេះគឺដោយសារកម្ពុជាយល់អំពីតម្លៃ នៃសន្តិភាព ដែលរកបានដោយលំបាក។ ហើយយើងជាយុវជនជំនាន់ក្រោយ សូមប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ជាពិសេស ប្តេជ្ញាគាំទ្រការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ត ថែរក្សាសន្តិភាពឱ្យគង់វង្សតរៀងទៅ៕