ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គឺពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
បេីតាមការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេស បានបន្តថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
គួរជម្រាបជូនថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
សូមបញ្ជាក់ថា មូលហេតុនេះហើយដែលជំរុញឱ្យសម្តេចធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសច្រើនក្នុងដើមអាណត្តិនៃការដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ។ មកដល់ពេលនេះសម្រាប់អាស៊ាន សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចប្រទេសចំនួន៣រួចមកហើយ រួមមានប្រទេសវៀតណាម ទស្សនកិច្ចនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣, ប្រទេសថៃ ទស្សនកិច្ចនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងប្រទេសម៉ាឡេស៊ី ទស្សនកិច្ចនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រៅពីប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។
ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេចធិបតី ក៏បានអញ្ជើញបំពេញបេសកកម្មការងារនៅឥណ្ឌូនេស៊ី អាមេរិក ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត ស្វីស និងអូស្ត្រាលីផងដែរ។ តាមរយៈដំណើរទស្សនកិច្ចទាំងផ្លូវការ និងបេសកកម្មការងារនេះ សម្តេចធិបតី និងគណៈប្រតិភូធ្វើដំណើរលើចម្ងាយផ្លូវរង្វង់ប្រមាណ ១០ម៉ឺនគីឡូម៉ែត្រ៕ដោយ៖តារា