ភ្នំពេញ៖ នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។
ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនៈទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយះពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត។
លោកសាស្រ្តាចារ្យ បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំ។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕
ដោយ ៖ សិលា