រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងអំណរគុណនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងអំណរគុណនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ៖  នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា មន្ទីរព៍ត៌មានមានតួនាទីសំខាន់ជាសេនាធិការរបស់ក្រសួងផង និងជាសេនាធិការផ្នែកគ្រប់គ្រងព័ត៌មាននិងសាធារណមតិសម្រាប់រដ្ឋបាលខេត្តផង។ 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព​ ផ្សាយឱ្យបានឆាប់រហ័ស និងស្របតាមការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនាសម័យបច្ចុប្បន្ន  ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាការចូលរួមរៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ 

 លោករដ្ឋមន្ត្រី បានថ្លែងថា ការធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រីស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបការវិវត្ដរបស់សង្គម។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មានបានដាក់ចេញគោលនយោបាយជារួមគឺធ្វើទម្រង់លើមុខងាររបស់ក្រសួងដើម្បីធ្វើឱ្យក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំណងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម និងប្រកបដោយប្រសិទ្ធភាពនិងគុណភាព ដោយដាក់ចុះនូវយុទ្ធសាស្ត្រកំណែទម្រងរួមមានភាពជាអ្នកដឹកនាំ ការធ្វើទំនើបកម្មនិងរដ្ឋបាលទំនើបរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងកិច្ចសហប្រតិបត្តិក្នុងភាពដៃដៃគូស្មើភាពនិងស្មើសិទ្ធិ។ 

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើងនៅមានសមត្ថភាពមានកម្រិតនៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែមទៀត ទៅនឹងអ្វីដែលជាការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង។ លោកបញ្ជាក់ថា ៖ មន្ត្រីរបស់យើងមិនអាចធ្វើការងារត្រឹមតែប្រើប្រាស់ចំណេះដឹងដដែលៗនោះទេ ពោលគឺមន្ត្រីយើងត្រូវតែពង្រឹងសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ខិតខំប្រឹងប្រែងរៀនសូត្រ ដកបទពិសោធបន្ថែមឱ្យស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មាន និងនិន្នាការនៃការទទួលព័ត៌មានរបស់ប្រជាជន។

លោករដ្ឋមន្ត្រី  នេត្រ ភក្ត្រា បានថ្លែងកោតសរសើរលើកចិត្តនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដែលតែងតែបំពេញការងារប្រកបដោយលទ្ធផលផ្លែផ្លា បើទោះបីជាជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារយ៉ាងណាក៏ដោយក៏នៅតែជម្នះទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលជូនខេត្ត និងសង្គមជាតិបានល្អប្រសើរផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការគោរពក្រមសីលធម៌សារព័ត៌មាន និងការពង្រឹងសណ្តាប់ធ្នាប់អ្នកសារព័ត៌មាននៅក្នុងខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕​

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print