ប្រទេសចិន ៖ នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញដល់អាកាសយាន្តដ្ឋាន នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិនហើយ បន្ទាប់ពីបានហោះហើរតាមជើងយន្តហោះពិសេសរយះពេល ១ម៉ោង និង៣០ នាទី។ វត្តមាន នៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិ បូអាវ (Boao International Airport) ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយលោកស្រី ហ្ស៊ី ជើង(Xie Jing) អភិបាលរងខេត្តហៃណាន ភារធារីស្តីទី នៃស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងលោកអគ្គកុងស៊ុលប្រចាំទីក្រុងហៃគូ ខេត្តហៃណាន សូមជំរាបថា សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ “អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម ។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបថា ៖ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ៖ សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និ សីទក្រោម មូល បទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះ នឹង មាន ការចូល រួម ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដម សេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈ កម្មា ធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រ កសិកម្មត្រូពិច ចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា -ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា ៕