ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ បានឃាត់ខ្លួនជនបរទេសម្នាក់មកសាកសួរ ខណៈចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសរូបនោះមកស្នាក់នៅ និងបំរើការងារក្នុងក្រុងសៀមរាបគ្មានច្បាប់ទម្លាប់។
ការចុះរដ្ឋបាលខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យបានឲ្យដឹងថា ក្នុងកិច្ចការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញជនបរទេសម្នាក់ឈ្មោះ SAVANSER BORA ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិទួគី កាន់លិខិតឆ្លងដែនលេខ U07987760 ដែលបានចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០១៤ រហូតដល់ពេលបច្ចុប្បន្ន ក្រោយពីបានធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចនគរបាលយើងបាននាំខ្លួនមកធ្វើការសាកសួរនៅការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត។
លោកនាយការិយាល័យបានបន្តថា យោងតាមចម្លើយសារភាពរបស់ជនបរទេសខាងលើបានប្រាប់សមត្ថកិច្ចថា រូបគាត់បានចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត មកដល់ក្រុងសៀមរាប ហើយបានធ្វើជាអ្នកគ្រប់គ្រងផ្ទះសំណាក់ឈ្មោះ VOODO ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចំនួន៣ខែបន្ទាប់មកធ្វើការនៅភោជនីយដ្ឋាន TUK TUK BAR ដែលមានទីតាំងតាមផ្លូវសុខសាន្ត ក្នុងភូមិសាស្រ្តដ៏ដែល។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀមបញ្ជូនចេញ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋានស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តទៅតាមនីតិវិធីច្បាប់ជាបន្តនៅព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦ នេះ៕
ដោយ៖ ជានិន្ដរ៍