ឥណ្ឌូនេស៊ី៖ បេក្ខភាពចាញ់ឆ្នោត ស្នើតុលាការលុបចោលជ័យជម្នះ របស់លោក Prabowo

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ បេក្ខជនប្រធានាធិបតីដែលចាញ់ឆ្នោត នៅប្រទេសឥណ្ឌូណេស៉ី លោក Anies Baswedan នៅថ្ងៃពុធនេះ បាននិយាយនៅចំពោះមុខតុលាការ ក្នុងសំណុំរឿងតវ៉ាលទ្ធផលបោះឆ្នោតកាលពីខែកុម្ភៈ ជាមួយការចោទប្រកាន់ថា មានការជ្រៀតជ្រែកពីរដ្ឋាភិបាល និងបានទទូចឱ្យតុលាការលុបចោល ជ័យជម្នះរបស់លោក Prabowo Subianto។

លោក Anies បាននិយាយថា ជ័យជម្នះលើសលប់របស់លោក Prabowo បានមកពីការជួយជ្រោមជ្រែង តាមរយៈការដាក់សម្ពាធរបស់រដ្ឋាភិបាល ទៅលើអាជ្ញាធរតាមតំបន់ និងការប្រើប្រាស់ជំនួយសង្គមជាឧបករណ៍ទិញទឹកចិត្ត ដើម្បីធានាថា ការបោះឆ្នោតនឹងមានលទ្ធផលតែមួយគត់។ លោក Anies បានបន្តថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីខែមុន បានបង្ហាញថា ប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ លើពិភពលោកមួយនេះ កំពុងប្រឈមហានិភ័យនៃការដើរថយក្រោយ ឆ្ពោះទៅរករបបផ្តាច់ការនាអតីតកាល។ លោក Anies បានប្រាប់តុលាការធម្មនុញ្ញឥណ្ឌូណេស៉ីថា ប្រសិនបើគ្មានការកែតម្រូវនាពេលនេះទេនោះ វានឹងក្លាយជារឿងធម្មតា ពោលគឺទៅជាទម្លាប់មួយ សម្រាប់ការបោះឆ្នោតក្រោយៗទៀត និងគ្រប់ថ្នាក់ទាំងអស់។
យ៉ាងណាមិញ រដ្ឋាភិបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៉ីផុតអាណត្តិ លោក Joko Widodo បានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនបានលូកលាន់ ក្នុងដំណើរការបោះឆ្នោត។ លោក Prabowo ទទួលបានសំឡេងឆ្នោតគាំទ្រដល់ទៅជិត៦០ភាគរយ ខណៈលោក Anies ទទួលបាន២៥ភាគរយ ហើយបេក្ខជនឈរនៅលេខរៀងទី៣ គឺលោក Ganjar Pranowo ទទួលបាន១៦ភាគរយ។ លោក Ganjar ក៏នឹងត្រូវឡើងនិយាយនៅក្នុងតុលាការ ពាក់ព័ន្ធការតវ៉ារបស់លោក ចំពោះលទ្ធផលឆ្នោត ក្នុងថ្ងៃដដែលនេះផងដែរ។
ក្រុមមេធាវីរបស់លោក Anies បានប្រាប់តុលាការថា ក្នុងនាមជាអ្នកទទួលផលប្រយោជន៍ ពីការប្រព្រឹត្តដែលគ្មានយុត្តិធម៌ លោក Prabowo គួរត្រូវលុបឈ្មោះចេញពីសន្លឹកឆ្នោត។ លោក Prabowo បានរក្សាជំហរថា រូបលោកបានទទួលជ័យជម្នះយ៉ាងជាក់ច្បាស់ និងដោយស្មើភាព។ ក្រុមមេធាវីរបស់លោក Prabowo បាននិយាយថា ការចោទប្រកាន់របស់លោក Anies ផ្អែកទៅលើការសន្និដ្ឋាន និងគ្មានភស្តុតាងគ្រប់គ្រាន់។ ដោយឡែក ក្រុមមេធាវីរបស់លោក Ganjar បានអំពាវនាវឱ្យ តុលាការធម្មនុញ្ញ ចេញបញ្ជាឱ្យរៀបចំការបោះឆ្នោតសាឡើងវិញតែម្តង យូរបំផុតនៅត្រឹមថ្ងៃទី២៦ ខែមិថុនា ដែលមិនត្រូវមានវត្តមានកូនប្រុសលោក Joko Widodo គឺលោក Gibran Rakabuming Raka ឡើយ ក្រោមហេតុផលថា ការកែប្រែច្បាប់បោះឆ្នោតដើម្បីឱ្យរូបលោក អាចឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី អមលោក Prabowo បានជះឥទ្ធិពលដោយមិនស្មើភាព ចំពោះលទ្ធផលបោះឆ្នោត។
ការតវ៉ាចំពោះលទ្ធផលបោះឆ្នោត ត្រូវបានមើលឃើញថា ជារឿងទូទៅមួយនៅក្នុងប្រទេសឥណ្ឌូណេស៉ី ហើយតុលាការត្រូវគេរំពឹងថា នឹងឈានដល់ការសម្រេចចិត្តរបស់ខ្លួន នៅថ្ងៃទី២២ ខែមេសា ខាងមុខ៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print