ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៨ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ដែលរៀបចំប្រព្រឹត្តរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់&មូន រីវើសាយ រាជធានីភ្នំពេញ។
វេទិកាថ្នាក់ជាតិ ស្ដីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ “បច្ចេកវិទ្យា
ឌីជីថលបង្កឱកាសសិក្សាពេញមួយជីវិត” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័នជាតិ ទាំង២៨ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត តំណាងដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន សរុបជាង៨០ស្ថាប័ន ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការពិគ្រោះយោបល់ រៀបចំយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្ដើមនានាឆ្លើយតបការលើកកម្ពស់ការយល់ដឹងអំពីការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការសិក្សាប្រកបដោយនវានុវត្តន៍ផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនិងការអប់រំបរិយាបន្ន ។ កិច្ចពិភាក្សា និងធ្វើបទបង្ហាញនៅក្នុងវេទិកានេះ នឹងផ្ដោតលើប្រធានបទរួមមាន៖
១.តួនាទីនៃការសិក្សាពេញមួយជីវិត រួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច
២.ទីផ្សារការងារ និងការអភិវឌ្ឍជំនាញ និង
៣.ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលបង្កឱកាសសម្រាប់ការសិក្សាពេញមួយជីវិត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីរដ្ឋលេខាធិការគណៈអធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាពេញមួយជីវិត គាំទ្រការអភិវឌ្ឍសមត្ថភាពជាប្រចាំ បំណិនវិជ្ជាជីវៈ និងបច្ចេកទេសរបស់បុគ្គល ដើម្បីជំរុញការសម្របខ្លួនចូលក្នុងទីផ្សារការងារ និងការរស់នៅក្នុងសង្គមពុទ្ធិ និងយុគសម័យឌីជីថល បានល្អប្រសើរ។ វិសាលភាពនេះការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិតជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមចំណែកកសាង និងលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាមូលធនមនុស្សឱ្យអាចបន្តការបំពេញការងារឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធផលខ្ពស់ជូនអង្គភាពរៀងៗខ្លួន និងសង្គមជាតិ។
ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន ដែលយើងត្រូវចាប់អារម្មណ៍ខ្ពស់ និងពិចារណាដោយការប្រុងប្រយ័ត្នក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ឱ្យបានត្រឹមត្រូវដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ការអប់រំអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មមេឌៀនិងព័ត៌មាន ជាមូលដ្ឋានគ្រឹះក្នុងការអប់រំពលរដ្ឋសកល និងពលរដ្ឋឌីជីថល ចូលរួមជំរុញប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងសង្គមពុទ្ធិនាពេលអនាគត។
ជាទីបញ្ចប់ លោកស្រី គណៈអធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក លោកស្រី តំណាងក្រសួងស្ថាប័នទាំងអស់ដែលជាសមាជិកគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានចូលរួម សហការ និងគាំទ្រ ការរៀបចំវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត នាពេលនេះ និងសូមគោរពជូនពរ លោក-លោកស្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕