តៃកុងរថយន្តក្រុងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ ក្រោយការចរចាសុំដំឡើងប្រាក់ឈ្នួលទទួលបរាជ័យ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នា២០២៤ បានផ្សាយថា ក្រុមអ្នកបើកបររថយន្តក្រុងនៅរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាធ្វើកូដកម្មក្រោយកិច្ចប្រឹងប្រែងចរចាសុំដំឡើងប្រាក់ឈ្នួល មិនទទួលបានជោគជ័យ ជាហេតុនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងទីក្រុងដែលមានមនុស្សជាង៩លាននាក់មួយនេះ ហើយនិង១លាននាក់ទៀត មកពីជាយក្រុង។

ឆ្លើយតបចំពោះការរំខានដែលបង្កឡើងដោយសកម្មភាពកូដកម្មនេះ រដ្ឋបាលទីក្រុងសេអ៊ូល បានប្រកាសថា សេវាកម្មរថភ្លើងក្រោមដី នឹងធ្វើប្រតិបត្តិការយូរម៉ោងជាងធម្មតា ហើយរថភ្លើងបន្ថែមនឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការ។ ជាមួយគ្នានេះ សង្កាត់ទាំង២៥ នៃទីក្រុងសេអ៊ូល ក៏នឹងផ្តល់ផងដែរនូវរថយន្តដឹកជញ្ជូនចម្ងាយខ្លីៗសរុប៤៨០គ្រឿង ដើម្បីដឹកអ្នកដំណើរទៅកាន់ស្ថានីយរថភ្លើង។ ការធ្វើកូដកម្មទ្រង់ទ្រាយធំ ដោយក្រុមអ្នកបើកបររថយន្តក្រុងនៅទីក្រុងសេអ៊ូលនេះ គឺជាលើកដំបូងបំផុត ក្នុងរយៈពេល១២ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា កិច្ចចរចារវាងសហជីពអ្នកបើកបររថយន្តក្រុងទីក្រុងសេអ៊ូល នឹងនិយោជករបស់ពួកគេ បានទទួលបរាជ័យ បន្ទាប់ពីការទាមទារពីខាងសហជីពដែលស្នើដំឡើងប្រាក់ឈ្នួល១២.៧ភាគរយ ត្រូវបានច្រានចោលថាជាការទាមទារជ្រុលហួសកម្រិត។ រថយន្តក្រុងនៅរដ្ឋធានីកូរ៉េខាងត្បូង ធ្វើប្រតិបត្តិការក្នុងប្រព័ន្ធមួយដែលមានក្រុមហ៊ុនឯកជនជាអ្នកចាត់ចែងរៀបចំរថយន្តក្រុងទាំងនោះ ប៉ុន្តែទទួលបានឧបត្ថម្ភធន និងស្ថិតក្រោមការកំណត់គោលការណ៍ផ្សេងៗ ដោយរដ្ឋបាលទីក្រុងសេអ៊ូល។
ទន្ទឹមគ្នានេះ កូរ៉េខាងត្បូងក៏កំពុងប្រឈមការធ្វើកូដកម្មពីសំណាក់ក្រុមវេជ្ជបណ្ឌិតផងដែរ ដោយក្រុមគ្រូពេទ្យសិក្ខាកាមរាប់ពាន់នាក់បាននាំគ្នាដាក់ពាក្យលាឈប់ពីការងារ ដើម្បីសម្តែងការជំទាស់ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតចូលរៀននៅតាមសាលាវេជ្ជសាស្រ្ត៕ ដោយធីរីណា

...

រូប​ថត​: YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print