ភ្នំពេញ៖ រថយន្តឡិចស៊ីស៥៧០មួយគ្រឿង បានបើកចុះពីលើស្ពានព្រះមុនីវង្សថ្មី ក្នុងល្បឿនលឿន បួងចង្កូតបត់មិនទាន់បានជ្រុលទៅបុកឃឿនក្រោមស្ពាន បណ្តាលឱ្យរងការខូចខាតតែរថយន្ត និងសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ខាងក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីបុរសរត់ម៉ូតុឌុបម្នាក់ដែលនៅអង្គុយខាងក្រោមស្ពានក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីសRX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2311 បើកចុះមកពីលើស្ពានព្រះមុន្នីវង្សថ្មីក្នុងល្បឿនយ៉ាងលឿន ហើយបានបត់ស្តាំដោយមិនបន្ថយល្បឿន បួងចង្គូតមិនទាន់បានជ្រុលបុកឃឿនថ្មក្រោមស្ពានអាកាស ក្បាលថ្នល់ពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ ។
ក្រោយមកម្ចាស់រថយន្តបានទំនាក់ទំនងទៅរថយន្តស្ទូច ឱ្យមកស្ទូចយករថយន្តទៅជួសជុស ខណៈសមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ ដោយនិយាយថាមិនមានខូចខាតឃឿនថ្មខាងក្រោមស្ពាននោះទេ ៕
ដោយ៖ ជីម ភារ៉ាដង្កោ