ខេត្តពោធិ៍សាត់ ៖ ខ្ញុំ និងក្រុមការងារបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ ដែលបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បន្តថា ៖ ក្នុងគ្រានេះ អ្វីដែលចាំបាច់បំផុត គឺសូមអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ក៏ដូចជាមន្ទីពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ជួយសម្របសម្រួលតាមស្ថានភាពចាំបាច់ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ ខ្ញុំសូមជូនពរបងប្អូនដែលរងគ្រោះទាំងអស់ សូមឆាប់បានធូរស្រាល និងឆាប់បានជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។
សូមបញ្ជាក់ថា ៖ ព័ត៌មានលម្អិតជុំវិញហេតុករណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស៤៦នាក់ ក្នុងនោះស្រី២៥នាក់បានរងរបួសស្រាល៤១នាក របួសធ្ងន់៥នាក់។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវដែកត្រង់ចំណុចផ្លូវទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា