ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងស៊ីសងអាប៉ោងចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺ ក្រោយធ្វើការឡោមព័ទ្ធទីតាំងវង់អាប៉ោងមួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកនេះ ហើយអ្នកលេងច្រើននាក់បានរត់គេចខ្លួន។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា កម្លាំងមូលដ្ឋានឃុំព្នាយ បានធ្វើការឡោមព័ទ្ធទីតាំងជួបជុំលេងល្បែងមួយកន្លែងដែលស្ថិតនៅក្នុងព្រៃ ខាងលិចភូមិគោកមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តាមការរាយការណ៍របស់ពលរដ្ឋ ហើយបានឃាត់ខ្លួនមនុស្ស៤នាក់និងវត្ថុតាងមួយចំនួនយកមកាន់អធិការដ្ឋាន។
នគរបាលបាន ឱ្យដឹងបន្តថាមនុស្សចំនួន៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន១-ឈ្មោះ សៀង អៀ ភេទ ប្រុស អាយុ៤៣ឆ្នាំ ( អ្នកបាញ់មេ ) ២- ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ ៦១ឆ្នាំ ៣-ឈ្មោះ ផុន ខា ភេទប្រុស អាយុ៤៣ឆ្នាំនិង ៤-ឈ្មោះ អែម ស ភេទស្រី អាយុ ៥៩ ឆ្នាំ។ ជាមួយនិងការឃាត់ខ្លួននោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែររួមមាន មេអាប៉ោង១ កំរាល១ ចានគ្រប១ ម៉ូតូ១គ្រឿង និងលុយរៀលមួយ ចំនួន ១៦៥.០០០៛ ( ដប់ប្រាំមួយម៉ឺនប្រាំពាន់រៀល ) ។
បច្ចុប្បន្នមុខសញ្ញាអ្នកញៀនល្បែងសុីសង(អាប៉ោង) ទាំង៤នាក់កំពុងស្ថិតក្រោមការសួរនាំនិងកសាងនីតិធីពីសំណាក់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលកំពង់ស្ពឺលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ចទាំងពីរប្រភេទក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕