ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ លើការអនុវត្តការងារអត្តសញ្ញាណកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារ អត្តសញ្ញាណកម្ម (រួមមានការងារអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋនិងគ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងសញ្ជាតិ) ក្រសួងមហាផ្ទៃសូមណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត និងចាត់តាំងណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនដូចខាងក្រោម៖
I. អំពីការងារអត្តសញ្ញាណកម្ម
ក. ការងារអត្រានុកូលដ្ឋាន
១. រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវជំរុញផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋដែលមាន ទារកទើបកើត ឬប្រជាពលរដ្ឋដែលពុំទាន់មានសំបុត្រកំណើត ឱ្យទៅស្នើសុំចុះបញ្ជីកំណើតឱ្យ បានគ្រប់ៗគ្នានៅតាមឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួន។ ក្រោយចុះសំបុត្រកំណើតរួច ត្រូវណែនាំប្រជាពលរដ្ឋទៅស្នើសុំចុះឈ្មោះក្នុងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬនៅច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់។
២. មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ត្រូវពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋានឱ្យបានត្រឹមត្រូវ ស្របតាម បែបបទ នីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ចៀសវាងមានកំហុសទិន្នន័យ លើឯកសាររបស់ពលរដ្ឋ និងទប់ស្កាត់ការក្លែងបន្លំនានា ក្នុងការចុះបញ្ជីជាពលរដ្ឋខ្មែរដោយ ជនបរទេស។ ដើម្បីបញ្ចៀសបញ្ហាប្រឈមលើកំហុសទិន្នន័យក្នុងឯកសាររបស់ប្រជាពលរដ្ឋ មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ត្រូវសួរបញ្ជាក់ទៅអ្នកស្នើសុំ និងផ្ទៀងផ្ទាត់រាល់ទិន្នន័យក្នុង ឯកសារឱ្យបានច្បាស់លាស់ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។
៣. ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដោយសារកំហុសទិន្នន័យត្រូវ ចែកចេញជា ២ប្រភេទគឺ (១) ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាម សំណើរបស់ប្រជាពលរដ្ឋ និង (២) ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន តាមសេចក្តីសម្រេចរបស់តុលាការ។ ករណីនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០០៦ សណន ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។
ខ. ការងារស្ថិតិប្រជាពលរដ្ឋនិងគ្រប់គ្រងការស្នាក់នៅ
១. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរៀបចំផែនការ និងបណ្តុះបណ្តាលបំប៉នសមត្ថភាពដល់ មន្ត្រីជំនាញដែលអនុវត្តការងារចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅឱ្យបានជាប្រចាំ ជាពិសេសមន្ត្រីដែលពុំធ្លាប់ទទួលបានការបណ្តុះបណ្តាល។ ជាមួយគ្នានេះ ត្រូវខិតខំតាមដាន និងជំរុញការផ្តល់ឯកសារស្ថិតិប្រជាពលរដ្ឋដូចជា សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ទៅដល់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់គ្រាន់ តាមតម្រូវការជាក់ស្តែង ចៀសវាងខ្វះឯកសារដែលនាំឱ្យយឺតយ៉ាវក្នុងការផ្តល់ជូនប្រជាពលរដ្ឋ។
២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តការចុះ បញ្ជីស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ រួមទាំងការផ្លាស់ទីលំនៅចេញចូល ឱ្យបានជាប់ ជាប្រចាំក្នុងភូមិសាស្ត្ររបស់ខ្លួន។
៣. ចំពោះជនបរទេស អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តការចុះបញ្ជីស្ថិតិឱ្យបានត្រឹមត្រូវស្របតាមបែបបទ នីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តកំណត់ ចៀសវាងការសរសេរបញ្ជាក់ថា ជាជនជាតិខ្មែរ ឬសញ្ជាតិខ្មែរ សម្រាប់ជនបរទេស ដែលពុំមានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ។
គ. ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
១. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវខិតខំបង្កើនការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋដែលទើប គ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យមកស្នើសុំចុះ បញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមទីកន្លែងផ្តល់នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
២. ត្រូវបង្កើនការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុត សុពលភាព ឬមុនផុតសុពលភាពរយៈពេល ០៣(បី)ខែ ឱ្យរួសរាន់ទៅស្នើសុំអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតា។ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាមិនតម្រូវឱ្យភ្ជាប់ឯកសារ ឡើយ លើកលែងតែករណីខ្លះឯកសារភ្ជាប់ក្នុងការស្នើសុំលើកទី១ ឬមានការផ្លាស់ប្តូរទិន្នន័យលើ សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ឧទាហរណ៍ កែតម្រូវឈ្មោះ ឬផ្លាស់ប្តូរទីលំនៅជាដើម)។
៣.
មន្ត្រីនគរបាលជំនាញជួរមុខទទួលបន្ទុកលើការពិនិត្យ និងប្រមូលទិន្នន័យក្នុងការចុះបញ្ជីផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវពិនិត្យផ្ទៀតផ្ទាត់ឯកសារភ្ជាប់ ឬឯកសារសម្អាងឱ្យបានត្រឹមត្រូវ ស្របតាមបែបបទ នីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ក្នុងករណីសង្ស័យថា អ្នកស្នើសុំមិនមែនជាពលរដ្ឋខ្មែរ ត្រូវសម្ភាស និងសួរបញ្ជាក់បន្ថែម ដោយពិនិត្យ និងផ្ទៀងផ្ទាត់ ព័ត៌មានឱ្យបានជាក់លាក់ ចៀសវាងចុះបញ្ជីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេស ដោយខុសច្បាប់។
៤. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរៀបចំបញ្ជូនសំណើសុំបោះពុម្ព តាមរយៈអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត មកកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ឱ្យបាន ទាន់ពេលវេលា (ចៀសវាងយឺតយ៉ាវក្នុងការផ្តល់ជូនប្រជាពលរដ្ឋ) ស្របតាមបែបបទ និង នីតិវិធីជាធរមាន។
៥. សម្រាប់ជនបរទេសដែលមានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត មិនត្រូវទទួលចុះបញ្ជីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ ហើយត្រូវណែនាំ ឱ្យជននោះមកស្នើសុំចុះបញ្ជីនៅ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ និងឯកសារ សម្អាងផ្សេងទៀត ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយគល់បញ្ជី មុននឹងសម្រេចចុះ បញ្ជីផ្តល់ជូន។
៦. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ និងណែនាំដល់ម្ចាស់អាជីវកម្ម ដោយហាមយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីផ្សេងៗ ដែលធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការ អនុវត្តសិទ្ធិ ឬកាតព្វកិច្ចរបស់ខ្លួន។ ករណីនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០៣៩ សណន ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការហាមឃាត់ការយកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន។
ឃ. ការងារលិខិតឆ្លងដែន
១. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវណែនាំដល់នាយកដ្ឋានលិខិតឆ្លងដែន ឱ្យធ្វើការពិនិត្យ ឆ្លៀតផ្ទាត់ឯកសារពាក់ព័ន្ធ និងសម្ភាសឱ្យបានហ្មត់ចត់មុនចុះបញ្ជីផ្តល់លិខិតឆ្លងដែន។ ករណី សង្ស័យថា អ្នកស្នើសុំមិនមែនជាប្រជាពលរដ្ឋខ្មែរ ត្រូវសម្ភាស និងសួរបញ្ជាក់បន្ថែម ដោយពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានជាក់លាក់មុនសម្រេចចុះបញ្ជីផ្តល់លិខិតឆ្លងដែន ចៀសវាងផ្តល់ឱ្យ ជនបរទេសដោយខុសច្បាប់។
២. ក្នុងករណីស្នើសុំលិខិតឆ្លងដែនលើកទី២ ឬលើសពីនេះ នាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវយកលិខិតឆ្លងដែនចាស់របស់សាមីខ្លួន មកចោះរន្ធ ឬវាយត្រា “មោឃភាព” មុននឹងផ្តល់លិខិតឆ្លងដែនថ្មី។
II. អំពីការកាន់កាប់ឯកសារអត្តសញ្ញាណជាប្រជាពលរដ្ឋខ្មែរដោយជនបរទេស
១. អនុវត្តតាមខ្លឹមសារមាត្រា៦ នៃច្បាប់ស្តីពីសញ្ជាតិ ជនបរទេសដែលពុំមានព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្តល់សញ្ជាតិខ្មែរ ពុំមានសិទ្ធិកាន់កាប់ឯកសារដូចជាសំបុត្រកំណើតជាខ្មែរ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលបញ្ជាក់អត្តសញ្ញាណជាប្រជា ពលរដ្ឋខ្មែរឡើយ។
២. ករណីរកឃើញថាមានជនបរទេសណាម្នាក់កាន់កាប់ ឬប្រើប្រាស់ឯកសារអត្តសញ្ញាណជាប្រជា ពលរដ្ឋខ្មែរដោយខុសច្បាប់ មន្ត្រីមានសមត្ថកិច្ចត្រូវពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើកំណត់ហេតុដកហូត ឯកសារទាំងនោះជាបណ្តោះអាសន្នស្របតាមនីតិវិធី បន្ទាប់មកត្រូវរៀបចំរបាយការណ៍តាម ឋានានុក្រមជូនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិនិត្យ និងសម្រេច។
៣. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពិនិត្យលើសំណុំឯកសារពាក់ព័ន្ធ និងទិន្នន័យក្នុងប្រព័ន្ធ គ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីមោឃភាពឯកសារ ឬទិន្នន័យនៃឯកសារដែលបាន កាន់កាប់ ឬប្រើប្រាស់ខុសច្បាប់ដោយជនបរទេស។
ទទួលបានសេចក្តីណែនាំនេះ ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងរដ្ឋបាលរាជធានី ខេត្ត នីមួយៗត្រូវចាត់វិធានការផ្សព្វផ្សាយ និងណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែល ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវអនុវត្តសេចក្តីណែនាំនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ៕ដោយ៖តារា