ខេត្តពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងពីការរៀបចំក្នុងការជ្រើសរើសអភិបាលក្រុងស្រុកឡើងវិញដើម្បីឲ្យត្រូវទៅនឹងសមត្ថភាពរបស់ពួកគេ។ សម្ដេចធិបតី លើកឡើងបែបនេះគឺដើម្បីពង្រឹងយុត្តិធម៌ ការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅនឹងកន្លែង។
ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ យន្តការដោះស្រាយទំនាស់និងបញ្ហារបស់ប្រជាពលរដ្ឋគឺសំខាន់ណាស់នៅក្នុងថ្នាក់ស្រុក។
សម្ដេចមានប្រសាសន៍ថា ៖ ប្រសិនជាស្រុកមានការដោះស្រាយទាន់ពេលវេលា នោះប្រាកដណាស់មិនមានបញ្ហាធំនោះទេ។ សម្ដេចបានប្រៀបធៀបការដឹកនាំមួយដែលមានប្រសិទ្ធភាពគឺត្រូវការមេដឹកនាំខ្លាំង និងការគាំទ្រខ្លាំង។
សម្ដេចបានបន្ថែមថា៖ «ត្រូវយកមេទ័ពខ្លាំងមកដាក់កន្លែងក្ដៅ»។
សម្ដេចជឿថាការរៀបចំបែបនេះនឹងអាចធ្វើទៅបាន ហើយនឹងធ្វើឲ្យយន្តការនៃការដោះស្រាយបញ្ហា និងមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក៏ដូចជាអភិបាកស្រុកនិងក្រុងទាំងអស់នោះផងដែរ។
សម្ដេចថា៖ «បើគាត់(អភិបាលស្រុកក្រុង)មិនមានជំនាញកន្លែងក្ដៅ(បញ្ហា)ដាក់គាត់កន្លែងហ្នឹងក៏មិនយុត្តិធម៌សម្រាប់គាត់ដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ ត្រូវ ពង្រឹងការបន្តអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបំពាន និងប្រព្រឹត្តខុស។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកុំឱ្យពាក់ព័ន្ធ បើពាក់ព័ន្ធត្រូវបញ្ចប់តួនាទី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គណៈអភិបាលក្រុង/ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំង និងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រឿងជួយប្រជាពលរដ្ឋអត់ដីធ្លីត្រូវតែជួយ តែកិច្ចការពារដីជាសម្បត្តិរបស់រដ្ឋក៏ត្រូវតែការពារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុង/ស្រុកចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីរបស់ខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ៕