ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង បានចូលរួមសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តមណីរតនារាមនាពេលនេះ។ សម្តេធិបតីបានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីសម្ពោធសមិទ្ធផលផ្នែកសាសនានាថ្ងៃនេះ ជាលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយនឹងត្រូវត្រៀមសម្ពោធថ្មីៗជាបន្តទៀត។
សម្តេចធិបតីបានថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ដែលបានគាំទ្រការដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ អ្នកពោធិ៍សាត់ប្រមាណ ៨៧ភាគរយបានចេញទៅបោះឆ្នោត ហើយជាង ៩០ភាគរយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបការជឿទុកចិត្តនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនានៅក្នុងវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់នេះ នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនាចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត សម្រាប់ការប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។នៅក្នុងឱកាសនេះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នាញ៉ាំងឱ្យសមិទ្ធផលនេះលេចជារូបរាងឡើង។
សម្តេចធិបតីបានថ្លែងកោតសរសើរចំពោះទឹកដៃនៃការសាងសង់ ក៏ដូចជាការគូរគំនូនានាទៅព្រះបទុមចេតិយ ដែលមានភាពស្អាត និងប្រណីត។សន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការកសាងជាតិ។ សម្តេចបន្តថា សេរីភាពផ្នែកសាសនា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហមឆ្នា១៩៧៩ ហើយសមិទ្ធផលតាមទីអារាមរីកស្គុះស្គាយទៅបាន ដោយសារប្រជាពលរដ្ឋមានលទ្ធភាព មានជីវភាពល្អប្រសើរ។ សម្តេចធិបតី បានថ្លែងថា ក្រោយរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ កម្ពុជា មានវត្តតែមួយទេ ឥឡូវមានជាង ៥ពាន់វត្ត, មានព្រះសង្ឃជាង ៧ម៉ឺនអង្គ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ សម្តេចបានមានប្រសាសន៍ថា កិច្ចការពារសម្បត្តិវប្បធម៌ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាល់អាណត្តិមកហើយ ហើយកម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ។ កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត»
ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ។ ហើយឆ្នាំនេះ សម្ដេចបានជំរុញឲ្យអាជ្ញាធរខេត្តក្រុងទាំងអស់ រៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្ត ក្រុងស្រុកនានា។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន៧ទៀតគ្នាពេលខាងមុខ ហើយសម្តេចបានណែនាំឱ្យក្រសួងរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ សម្តេចក៏បានណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេចណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ឬប្រទេសជិតខាងផ្សេងទៀត ដូចជាឡាវ ភូមាវៀតណាមជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។ សម្តេចបានណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែន របស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ ត្រូវ ពង្រឹងការបន្តអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបំពាន និងប្រព្រឹត្តខុស។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកុំឱ្យពាក់ព័ន្ធ បើពាក់ព័ន្ធត្រូវបញ្ចប់តួនាទី។ សម្តេចបន្តថា គណៈអភិបាលក្រុង/ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ។ សម្តេចធិបតីបានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំង និងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ។
សម្តេចធិបតីបានថ្លែងថា ក្រុង/ស្រុកចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីរបស់ខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។ សម្តេចធិបតីក៏បានណែនាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ សម្តេច ក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក ធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដោះស្រស់ស្អាតបែបនេះណាស់។
សម្តេចក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិដែលមានដីទំហំក្រោម១០ហិកតាផងដែរ។
សម្តេចធិបតី បានថ្លែងថា សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវ រឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឲ្យពិចារណាសារើឡើងវិញ។
នៅក្នុងឱកាសនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់បណ្ដាសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផងដែរ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនាថ្ងៃនេះ៕ដោយ៖តារា