ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មានដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគសម័យឌីជីថល។ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្មផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ានក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា វេទិកានានា ដូចជាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាននៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគក្នុងតំបន់ និងការបង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ានទៅកាន់សហគមន៍សកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្លាំងពលកម្មជំនាញ និងទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្មដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីបង្កើតជាសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៦៧ ការវិវត្តន៍របស់សមាគមអាស៊ាន គឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាព សេដ្ឋកិច្ចប្រកបដោយចីរភាព។ បច្ចុប្បន្ននេះជាមួយនឹងសមាជិកចំនួន១០ប្រទេស អាស៊ានបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចក្នុងសកលលោក ដែលមានកំណើតរឹងមាំ កម្លាំងពលកម្មពោលពេញដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាលំដាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេងទៀតនៅជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ាន មានភាពរឹងមាំដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា អភិក្រមពហុទិដ្ឋភាពនេះ ជំរុញឱ្យមានបរិយាកាសសេដ្ឋកិច្ចប្រកបដោយភាពធន់, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន ដែលមានសារៈសំខាន់ សម្រាប់កំណើនប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិសប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច ៕