ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យសពនៅក្នុងទីស្នាក់ការ ខ.២(ដឺបេខេត្តពោធិ៍សាត់)បន្ទាប់ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដែលបានបង្កឲ្យមានការភ្ញាក់ផ្ញើល ។
សេចក្តីរាយការណ៍ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះថា ទីតាំងកើតហេតុនៅចំណុចក្នុងទីស្នាក់ការ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
សពត្រូវបានគេស្គាល់ឈ្មោះ វណ្ណ លី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានឋានៈ អនុស្សាវរីយ៍ឯក បច្ចុប្បន្ន មានទីលំនៅ ភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ សពមានកម្ពស់១.៥៥ម៉ែត្រ សម្បុរខ្មៅស្រអែម សក់ខ្លី គ្មានអាវ និងខោ មានស្លៀកខោលីអូ ពណ៏ខ្មៅ ក្បាលទៅទិសខាងលិច នៅលើគ្រែ ក្នុងបន្ទប់ មានសភាពរឹងគ្រប់សន្លាក់ នៅលើតុក្បែនោះ មានប្រីភ្លើង ដោតឌុយទូរស័ព្ទ កែវ១ កំប៉ុងភេជ្ជៈ ខារ៉ាបាវ និងប្រអប់១ ។
ប្រភពព័ត៌មានបង្ហើបទៀតថា ស្ថាប័នជំនាញពាក់ព័ន្ធ និងក្រុមគ្រូពេទ្យកោសល្យវិច្ឆ័យ ធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ សពអាចស្លាប់ដោយសារគាំងបេះដូង(ខ្យល់គ)អាចស្លាប់លើសពី១០ម៉ោង ។
ប្រភពបញ្ជាក់បន្ថែមទៀតថា សពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងៗទេ សពបានធ្វើកំណត់ហេតុត្រឹមត្រូវ មុនប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន