មន្ត្រី ក.ប.ប. បន្តដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ ជៀសវាងប្រជាពលរដ្ឋទិញប៉ះចំទំនិញទាំងនោះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មន្ត្រី ក.ប.ប. នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តកោះកុង និងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ទំនិញវេចខ្ចប់ស្រេច ភេសជ្ជៈ និងផលិតផលនានា ដាក់លក់នៅតាមទីផ្សារ ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឬអ្នកប្រើប្រាស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

ស្របតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារ ស្ថិតក្នុងភូមិសាស្ត្រខាងលើ មន្ត្រីយើងបានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមានភេសជ្ជៈចំនួន ៧២លីត្រ និងទំនិញចម្រុះចំនួន ១៦.៨៨គីឡូក្រាម។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងយកមករក្សាទុកនៅស្នាក់ការរបស់សាខាដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះដែរ មន្ត្រីយើងក៏នៅបន្តអប់រំផ្សព្វផ្សាយជូនដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ថែមទៀតផង ក្នុងគោលបំណងចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print