ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះរាជសារ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរជូន សម្តេចអគ្គមហាសេនា បតីតេជោ ដែលត្រូវបានសម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។
ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិ ដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត បានដឹកនាំដ៏ត្រឹមត្រូវ ប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំង កសាងសមិទ្ធផលជាតិជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅ លើឆាកជាតិ និងអន្តរជាតិ ។
ខ្ញុំជឿជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យ បានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបាន ល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ ។
ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចអគ្គមហា សេនាបតីតេជោ សូមទទួលបាននូវមហាជោគជ័យបន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕ដោយ៖តារា