ខ្សែប្រយុទ្ធ Phil Foden បានស៊ុតបញ្ចូលទីបាន៣គ្រាប់យ៉ាងអស្ចារ្យ ខណៈដែល Manchester City បានបន្តដាក់សម្ពាធទៅលើគូប្រជែងដណ្តើមជើងឯក Premier League គឺ Arsenal និង Liverpool ជាមួយនឹងការទទួលជ័យជម្នះលើក្រុម Aston Villa នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល៤ទល់១។
អ្នកចាត់ការលោក Pep Guardiola បានទុកកីឡាករសំខាន់ Erling Haaland និង Kevin de Bruyne នៅកៅអីបម្រុងបន្ទាប់ពីការប្រកួតជាមួយក្រុម Arsenal កាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមម្ចាស់ជើងឯកនៅតែមានឱកាសច្រើនដាក់សម្ពាធទៅលើ Aston Villa ដែលបាត់បង់អ្នកចាំទី Emiliano Martinez ដោយសាររបួស ។
នៅក្នុងការអវត្តមានរបស់កីឡាករឆ្នើមទាំង២ខាងលើ ខ្សែប្រយុទ្ធ Foden បានបង្ហាញទម្រង់លេងយ៉ាងល្អដែលរកបាន២១គ្រាប់គ្រាប់នៅរដូវកាលនេះ ហើយ Rodri បាន ស៊ុត បាល់ បញ្ចូល ទី១ គ្រាប់ ដំបូង សម្រាប់ Man City ក្រោយ ពី លេង បាន១១នាទីពីការ បញ្ជូន បាល់ របស់ Jeremy Doku។
Aston Villa ក៏បានរក១គ្រាប់តាមស្មើវិញនៅនាទីទី២០ នៅ ពេល Jhon Duran ស៊ុតបញ្ចូលទី។ ក្នុងពេលចុងម៉ោងនៃតង់ទី១Foden រកបាន១គ្រាប់បន្ថែម ដោយ បាន ស្ដារ ការ នាំ មុខ របស់ Man City ដោយ ការ ទាត់ បាល់ ហ្វ្រីឃីក ពីចម្ងាយ បើ ទោះ បីNicolo Zaniolo របស់ Villa បានព្យាយាមរារាំងបាល់ក៏ ដោយ។
Foden បានបន្ថែមការនាំមុខឲ្យ Man City ២គ្រាប់ទៀតគឺនាទីទី៦២ នៅពេលដែលគាត់បានស៊ុតបាល់ផុតដៃអ្នកចាំទី Robin Olsen របស់ Aston Villa ហើយបន្ទាប់មកបានរកគ្រាប់បាល់គ្រាប់ទី៣ក្នុងការប្រកួតរបស់គាត់បន្ថែមទៀតនៅនាទីទី៦៩ជាមួយនឹងការស៊ុតបាល់យ៉ាងល្អពីតំបន់ដំបូលទូក។ Man City ស្ទើរតែមានគ្រាប់ទី៥នៅតង់ទីពីរ នៅពេលដែលកីឡាករ Sergio Gomez បានស៊ុតបាលផ្លាតចំជើងរបស់ Josko Gvardiol ធ្វើឲ្យបាល់ខ្ទាតចេញក្រៅបង្គោលទី។
ជ័យជម្នះនេះបានធ្វើឱ្យ Man City មាន៦៧ពិន្ទុស្មើជាមួយនឹងក្រុម Liverpool ដែលប្រកួតជាមួយក្រុម Sheffield United នៅកីឡដ្ឋាន Anfield នៅយប់ថ្ងៃព្រហស្បតិ៍នេះ និងមួយពិន្ទុតាមពីក្រោយក្រុម Arsenal ដែលឈរនៅលើកំពូលតារាងបន្ទាប់ពីបានផ្តួលក្រុម Luton Town៕ (រូបភាព ៖ BBC Sport)