ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជេគី លី អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសមនិងជូនពរឆ្នាំថ្មី នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ថាំង ជេគី លី បានជូនពរឯកឧត្តមអគ្គមេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ សូមជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានលាភជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការក្នុងឆ្នាំថ្មី និងសម្រេចបានជោគជ័យក្នុងភារកិច្ច។

លោកវរសេនីយ៍ឯក ថាំង ជេគី លី ក៏បានលើកឡើងពីសកម្មភាពទាំងឡាយនៃកិច្ចសហប្រត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ដែលធ្លាប់មានកន្លងមក ហើយនៅក្នុងខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ជាពិសេសលើផ្នែកជំនាញដោះមីន។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណអនុព័ន្ធយោធារដ្ឋអាមេរិក និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរនាឱកាសនេះ និងសូមឱ្យទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅតែបន្តរីកចម្រើនទៅទៀត។ 

ឯកឧត្តម អគ្គមេបញ្ជាការ បានធ្វើការកត់សម្គាល់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន តាមរយៈការបំពេញទស្សនកិច្ច ការផ្ដល់ជំនួយ ក៏ដូចជាសកម្មភាពនានារបស់អាមេរិកជួយដល់កងយោធពលខេមរភូមិន្ទ ហើយនេះបានបង្ហាញច្បាស់ពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាមេរិក។

ឯកឧត្តម អគ្គមេបញ្ជាការ បានអរគុណសហរដ្ឋអាមេរិកដែលបានយកចិត្តទុកដាក់បើកឲ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ផ្នែកជំនាញសន្តិសុខ និងភាសាអង់គ្លេស ហើយកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមដែលនៅសេសសល់។

ថ្មីម្ដងទៀត ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក ហើយជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃខាងមុខទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរនឹងត្រូវបានលើកកម្ពស់បន្ថែមទៀត៕

ដោយ ៖ សិលា

 

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print